តាម Facebook ផ្លូវការរបស់ភ្នំពេញក្រោនបានឲ្យដឹងថា ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៦សម័យកាលមួយនេះបានកោះហៅយុវជនរបស់ខ្លួនចំនួន១២នាក់ដើម្បីចូលរួមជាមួយក្រុមធំ។ កីឡាករទាំង១២នាក់រួមមាន អ៊ន ចាន់ប៉ូលីន (បម្រើ), សឿត បារាំង (ការពារ), អ៊ិន សុដេវីដ (បម្រើ), អ៊ុក សុវណ្ណ (បម្រើ), ស្វែង សំណាង (អ្នកចាំទី), កែវ សុខសិលា (អ្នកចាំទី), សួន នឿត, គីម ឆាយ៉ា, គង់ ចាន់វុទ្ធី (អ្នកចាំទី), ម៉ាត សាក់រ៉ូវី, ស្រាំង ទីតឈី (ការពារ) និងឈួត សេនទៀង។
លោក Sam Schweingruber គ្រូបង្គោលភ្នំពេញក្រោន ដែលទើបវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីក៏ធ្លាប់បានបង្ហើបប្រាប់ Sabay កាលពីពេលកន្លងទៅថា កីឡាករកម្ពុជាល្អៗ ពិបាកស្វែងរកមកចូលរួមក្រុម។ ហេតុនេះទើបក្លឹបបាល់ទាត់ភ្នំពេញក្រោន មានគោលការណ៍បណ្ដុះថ្នាលយុវជន ដើម្បីពង្រឹងក្រុមចាប់ពីឆ្នាំ២០១៦ទៅ។
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៥ ដោយការទាត់បាល់កាត់សេចក្ដីពិន័យ ១១ម៉ែត្រទៅលើក្លឹបបាល់ទាត់ណាហ្គាវើល៕
Source: Sabay